top menu
1:ប៉ូលិសម្នាក់កាលពីល្ងាចថ្ងៃអង្គារបានឡើងថ្លែងទៅហ្វូងបាតុករអាវក្រហមនិងចោទរដ្ឋាភិបាលថាបំផ្លាញសេចក្តីថ្លៃថ្នូររបស់ប៉ូលិស 2:ព្រះអង្គម្ចាស់Akishino របស់ជប៉ុនបានលុបចោលផែនការមកទស្សនាថៃដោយសារជម្លោះនយោបាយថៃ 3: ឡាវចេញការព្រមានកុំអោយពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅថៃ ជាពិសេសក្រុងបាងកក
  • ពត៌មានជាតិ

  • ពត៌មានអន្តរជាតិ

  • វីឌេអូ

  • បច្ចេកវិទ្យា

  • យានយន្ត

  • ប្លែកៗ

  • ជីវិតនិងការរស់នៅ

ចៅអធិការ​វត្ត​ដែល​ដេក​ជាមួយ​ស្រី​រួច​សឹក​ខ្លួនឯង​ឥឡូវ ​ធម្មការ​ខេត្ត​ឲ្យ​បួស​នៅ​វត្ត​ដដែល​

សៀមរាប: អតីត​ចៅអធិការ​វត្ត​ពោធិ​ក្រឡាញ់ ស្ថិតក្នុង​ភូមិ​ក្រឡាញ់ ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ រៀបចំ​ខ្លួន​មក​បួស​ក្នុង​វត្ត​ដើម​នេះ​វិញ ត្រូវបាន​ប្រជាពលរដ្ឋ ព្រះសង្ឃ អាចារ្យ គណៈកម្មការ​វត្ត និង​អាជ្ញាធរ​ដែនដី​បាន​ផ្ទុះ​ការតវ៉ា​ជា​បន្តបន្ទាប់ ដោយ​មិន​អនុញ្ញាត​ឲ្យ​អតីត​ចៅអធិកា​រ​វត្ត​រូបនេះ មក​បួស​នៅក្នុង​វត្ត​ដើម​នេះ​ឡើយ ។​

​ ​កាលពី​ថ្ងៃអាទិត្យ ទី​១៤ ខែ​មីនា ឆ្នាំ​២០១០ មាន​ព្រះសង្ឃ អាចារ្យ គណៈកម្មការ​វត្ត មាន​មេ​ភូមិ និង​មេឃុំ ក្រឡាញ់​ផង​នោះ​ប្រមាណ ២០ នាក់ បាន​ជួបប្រជុំ​គ្នា​នៅក្នុង​វត្ត​ពោធិ​ក្រឡាញ់ ដើម្បី​រក​វិធានការ​ទប់ស្កាត់​មិនឲ្យ​អតីត​ចៅអធិការ​វត្ត​មួយរូ​ប​ឈ្មោះ ស៊ិន ឃី​ន ដែល​គ្រោង​មក​បួស​សារ​ជា​ថ្មី​នៅ​វត្ត​ខាងលើ នា​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​មីនា​នេះ ។​
​ ​គួរបញ្ជាក់​ថា កាល​វេលា​ម៉ោង​២១ ថ្ងៃទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០១០ កន្លងទៅ ចៅអធិការ​វត្ត​ពោធិ​ក្រឡាញ់ ព្រះនាម ស៊ិន ឃី​ន ព្រះជន្ម​៤១​ព្រះវស្សា បាន​ឲ្យ​បុរស​ម្នាក់​ទៅ​ឌុប​ស្ត្រី​មេម៉ាយ​កូន​មួយ អាយុ​១៨​ឆ្នាំ ឈ្មោះ រូ​ន រ័ត្ន មាន​ទីលំនៅ​ភូមិ​ទឹក​ជរ ឃុំ​ទឹក​ជរ ស្រុក​ព្រះ​នេត្រ ខេត្ត​បន្ទាយមានជ័យ មកកាន់​កុដិ​ចៅអធិការ ។ ក្នុង​យប់​នោះ ចៅអធិការ​បាន​សុំ​នាង​រួមរ័ក​នៅក្នុង​កុដិ ក្រោយពី​ជួប​គ្នា​បាន​កន្លះ​ម៉ោង ចៅអធិការ​រូបនោះ​បាន​ឲ្យ​លុយ​នាង​មេម៉ាយ​ឈ្មោះ រូ​ន រ័ត្ន ចំនួន​៥​ម៉ឺន​រៀល ហើយ​ក៏​ឲ្យ​ម៉ូតូឌុប​ត្រឡប់​ទៅ​វិញ​ទៅ ។ នេះ​គឺជា​ការរៀបរាប់​របស់​នាង​មេម៉ាយ រូ​ន រ័ត្ន ដែល​នាង​បាន​និយាយ​ឥត​លាក់លៀម នៅក្នុង​របាយការណ៍​នានា ហើយ​នាង​បាន​ឆ្លើយ​នៅមុខ​ព្រះសង្ឃ អាចារ្យ គណៈកម្មាការ និង​អាជ្ញាធរ​មូលដ្ឋាន កាលពី​ថ្ងៃអាទិត្យ កន្លងទៅ ។ នាង រូ​ន រ័ត្ន បាន​ឆ្លើយ​យ៉ាង​ដូច្នេះ​ក៏​ដោយសារ​តែ​ភាគី​ខាង​ចៅអធិការ និង​ការិយាល័យ​ធម្មការ​ស្រុក​ក្រឡាញ់ បាន​កោះហៅ​នាង​ទៅ​បំភ្លឺ ហើយ​បង្ខំ​ឲ្យ​នាង​ឆ្លើយ​បដិសេធ​ថា ករណី​ដែល​ថា​ចៅអធិការ​រួមរ័ក​នោះ មិនមែន​ជា​រឿង​ពិត​ឡើយ ។

​ ​ដោយសារ​រឿង​នោះ​បែកធ្លាយ ទើប​ថ្ងៃទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១០ ព្រះសង្ឃ អាចារ្យ គណៈកម្មាការ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ប្រជុំ​ផ្ទៃក្នុង​មួយ​នៅក្នុង​វត្ត ដោយ​មិន​ឲ្យ​ព័ត៌មាន​លេចឮ​ចេញមកក្រៅ ខ្លាចក្រែង​មាន​ភាព​ស្អុយ​អា​សោចិ៍​កេរ្តិ៍ ដល់​ចៅអធិការ និង​វត្ត​ទាំងមូល ។ ប៉ុន្តែ​នៅ​ម៉ោង ១៧ ល្ងាច ថ្ងៃទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០១០ ព្រះចៅអធិការ​វត្ត​ព្រះនាម ស៊ិន ឃី​ន មានការ​ខ្មាសអៀន ហើយ​ក៏​សំរេច​លាចាក​សិក្ខាបទ​(​សឹក​) ដោយ​ខ្លួន​ព្រះអង្គ​ផ្ទាល់ ហើយ​ក៏​និមន្ត​ចេញពី​វត្ត​ទៅ ។ មុន​ពេល​សឹក​នោះដែរ ចៅអធិការ​វត្ត​អង្គ​នោះ​ក៏​បាន​ទទួល​កំហុស​នៅ​ចំពោះ​មុខ​អ្នក​នៅ​ក្នុង​វត្ត ​ទាំងឡាយ​ថា ព្រះអង្គ​ខុស​ហើយ​បាន​លួច​ទៅ​ដេក​ជាមួយ​ស្រី ដែល​ខុស​ទៅនឹង​ច្បាប់​របស់​ព្រះពុទ្ធសាសនា ។

ក្រោយ​ពី​អតីត​ចៅអធិការ​វត្ត​ពោធិ​ក្រឡាញ់ បាន​លាចាក​សិក្ខាបទ​(​សឹក​) ព្រះ​មេគណ​ខេត្តសៀមរាប ព្រះនាម ពេជ្រ សន បាន​ធ្វើ​សង្ឃ​សំរេច​ចុះ​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១០ និង​មាន​ការឯកភាព​ពី​លោក វណ្ណ ប៊ុន​ណា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តសៀមរាប ចុះ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១០ ហើយ​សំរេច​តែងតាំង​គណៈ​គ្រប់គ្រង​សង្ឃ​បណ្តោះអាសន្ន នៅ​វត្ត​ពោធិ​ក្រឡាញ់ ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់​ដូច​មាន​ព្រះនាម​ខាងក្រោម ៖ ទី​១. ព្រះ​វិនយ័ធរ​អនុគណ សួង ឈន ជា​ប្រធាន​ទទួល​រួម​, ទី​២. ព្រះ​សមុហ៍​អនុគណ វឿ ធូ ជា​អនុប្រធាន​, ទី​៣. ព្រះ​តេជគុណ ណំ ណាំ​ង ជា​ជំនួយការ​ទី​១, ទី​៤. ព្រះ​តេជគុណ យឹម សាមុត ជា​ជំនួយការ​ទី​២ ។ ប៉ុន្តែ​ក្រោយពី​មេគណ​ខេត្ត និង​មាន​ការឯកភាព​ពី​ធម្មការ​ខេត្ត​សៀមរាប សំរេច​ឲ្យតែ​ង​តាំងគណៈ​គ្រប់គ្រង​វត្ត​បាន​មួយរយៈ​ខ្លី គឺ​ស្រាប់តែ​នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១០ លោក វណ្ណ ប៊ុន​ណា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តសៀមរាប បាន​ចេញ​លិខិតអនុញ្ញាត​មួយ​ច្បាប់​ឲ្យឈ្មោះ ស៊ិន ឃី​ន អាយុ​៤១​ឆ្នាំ ដែល​ជា​អតីត​ចៅអធិការ​វត្ត​ពោធិ​ក្រឡាញ់ ចូល​មក​បួស​ជា​ភិក្ខុ នៅ​ពុទ្ធ​សេ​មា​វត្ត​ពោធិ​ក្រឡាញ់​នេះ​វិញ ។ ការ​មក​បួស​ជា​សង្ឃ​វិញ ក្នុង​លិខិត​បាន​បញ្ជាក់ថា គឺ ស៊ិន ឃី​ន ក្រោយ​ពី​បួស​នៅ​វត្ត​ពោធិ​ក្រឡាញ់​ហើយ គឺ​ចេញ​ទៅ​គង់នៅ​វត្ត​នាគ​វ័ន សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។ ករណី​ដែល​មាន​លិខិត​ខាងលើ​ព្រះសង្ឃ អាចារ្យ គណៈកម្មការ និង​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ប្រជាជន មាន​ការងឿងឆ្ងល់​យ៉ាង​ខ្លាំង ហើយ​ពួកគាត់​មិន​អនុញ្ញាត​ឲ្យ​អតីតសង្ឃ​រូបនេះ មក​បួស​នៅក្នុង​វត្ត​ពោធិ​ក្រឡាញ់​នេះ​បាន​ឡើយ ។ បើ​ចង់​បួស​ទៅ​បួស​វត្ត​ណា​ក៏​បាន​ក្រៅ​វត្ត​នេះ គំរោងការ​បួស​ជា​ថ្មី នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០១០ ខាងមុខ ។

​ ​អាចារ្យ គណៈកម្មការ ព្រះសង្ឃ ប្រជាជន និង​អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយថា នឹង​ត្រៀម​ប្រឆាំង នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១០ មិន​ឲ្យ​អតីត​សង្ឃ​អង្គ​នោះ​មក​បួស​ក្នុង​វត្ត​ដើម​វិញ​ឡើយ ។ ពួក​គាត់​បញ្ជាក់​ថា បើ​ចង់​បួស​ទៅ​បួស​វត្ត​ណា​ក៏បាន ក្រៅ​ពី​វត្ត​ពោធិ​ក្រឡាញ់ ។
​ ​លោក វណ្ណ ប៊ុន​ណា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តសៀមរាប បាន​និយាយប្រាប់​អន​កាសែត​ថា រឿង​កំហុសឆ្គង​ទាំងឡាយ ដែល​ចោទប្រកាន់​ចៅអធិការ​វត្ត​ពោធិ​ក្រឡាញ់​នោះ ធម្មការ​ខេត្ត​មិន​បាន​ដឹង​ឲ្យ​ស៊ីជំរៅ​ឡើយ ប៉ុន្តែ​មន្ត្រី​សង្ឃ​ខេត្ត​ព្រះអង្គ​អ្នកស្រាវជ្រាវ​ក្នុង​រឿង​នេះ​ដែល​ បញ្ជាក់ថា អតីត​ចៅអធិការ​មិន​បាន​ដេក​ជាមួយ​ស្រី​ឡើយ ។ ពាក់ព័ន្ធ​នឹង​ករណី​ដែល​ចេញ​លិខិតអនុញ្ញាត​ឲ្យ​កុលបុត្រ​ឈ្មោះ ស៊ិន ឃី​ន ទៅ​បួស​នៅ​វត្ត​ពោធិ​ក្រឡាញ់ ហើយ​គណៈកម្មការ អាចារ្យ ព្រះសង្ឃ ពុទ្ធបរិស័ទ និង​ប្រជាជន​ត្រៀម​តវ៉ា មិនឲ្យ​មាន​ការបួសជា​ថ្មី​នោះ លោក វណ្ណ ប៊ុន​ណា បាន​ឆ្លើយ​បញ្ជាក់ថា ករណី​នេះ​លោក​បារម្ភ​ខ្លាំង​ដែរ ។ លោក​បន្តថា បើ​នៅ​ក្នុង​វត្ត​មិន​ពេញចិត្ត​ឲ្យមាន​ការបួស​អតីត​ចៅអធិកា​រ​វត្ត គឺ​ពួកគាត់​អាច​ធ្វើ​លិខិត​សុំ​មក​មន្ទីរ​ធម្មការ​ខេត្ត​បាន ដើម្បី​មន្ទីរ​ធ្វើការ​ពិចារណា ហើយ​អាច​អនុញ្ញាត​ឲ្យទៅ​បួស​នៅ​វត្ត​ផ្សេង​វិញ ។
ករណី​នេះ​ដែរ គណៈកម្មការ អាចារ្យ ព្រះសង្ឃ ពុទ្ធបរិស័ទ និង​ប្រជាជន​បាន​និយាយថា ពួកគាត់​មិន​ធ្វើ​លិខិត​ទៅ​ស្នើរ​សុំ​ឡើយ បើ​ថ្ងៃ​នោះ​អតីត​ចៅអធិការ​មក​បួស​ក្នុង​វត្ត​មែន វា​នឹង​មាន​រឿង​អ្វីមួយ​ផ្ទុះឡើង​មិន​ខាន ។ គេ​ចាំ​មើល​ដែលថា ល្ងាច​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១០​នោះ អតីត​ចៅអធិការ និង​អ្នកគាំទ្រ​ហ៊ាន​ចេញ​មក​បួស​នៅ​ក្នុង​វត្ត​ដែរ​ឬក៏​អត់ ៕


Filed Under
: ,