top menu
1:ប៉ូលិសម្នាក់កាលពីល្ងាចថ្ងៃអង្គារបានឡើងថ្លែងទៅហ្វូងបាតុករអាវក្រហមនិងចោទរដ្ឋាភិបាលថាបំផ្លាញសេចក្តីថ្លៃថ្នូររបស់ប៉ូលិស 2:ព្រះអង្គម្ចាស់Akishino របស់ជប៉ុនបានលុបចោលផែនការមកទស្សនាថៃដោយសារជម្លោះនយោបាយថៃ 3: ឡាវចេញការព្រមានកុំអោយពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅថៃ ជាពិសេសក្រុងបាងកក
  • ពត៌មានជាតិ

  • ពត៌មានអន្តរជាតិ

  • វីឌេអូ

  • បច្ចេកវិទ្យា

  • យានយន្ត

  • ប្លែកៗ

  • ជីវិតនិងការរស់នៅ

“​បូ​ស​” នយោបាយ​ថៃ​ឈាន​ដល់​ដំណាក់កាល​ដែល​ត្រូវ​បែកធ្លាយ

ភ្នំពេញ: បើសិនជា​យើង​ចោទសួរ​ថា តើ​ប្រទេស​ណា​ដែល​ប្រើប្រាស់​ច្បាប់​គ្រាអាសន្ន​ផ្តល់​អំណាច អោយ​យោធា​បង្ក្រាប​បាតុករ​ញឹកញាប់​ជាង​គេ​នោះ ? ចម្លើយ​គឺ​មានតែ​ប្រទេស​ថៃ ។ ចំពោះ​សំនួរ​ថា តើ​មាន​ប្រទេស​ណា​ឡោមព័ទ្ធ​ព្រលានយន្តហោះ​អន្តរជាតិ យក​ជនបរទេស​ធ្វើជា​ចំណាប់ខ្មាំង​យ៉ាង​គឃ្លើន​នោះ​? ចម្លើយ​ក៏​មាន​តែ​ប្រទេស​ថៃ​ដដែល​ដែរ ។ ចុះ​ចំពោះ​សំនួរ​ថា តើ​ប្រទេស​ណា​មាន​រដ្ឋប្រហារ​ញឹកញាប់ និង​ច្រើនជាងគេ​វិញ​យ៉ាង​ម៉េច​ដែរ​? ចម្លើយ​ក៏​នៅតែ​ដដែល​គឺ​ប្រទេស​ថៃ ។ វិបត្តិ​នយោបាយ​ថៃ​ចាប់​តាំងពី​ឆ្នាំ​២០០៦ ក្រោយ​ពី​ការទម្លាក់​លោក ថាក់ស៊ីន ចេញពី​តំណែង​តាម​រដ្ឋប្រហារ បាន​ធ្វើអោយ​ប្រទេស​នេះ​លែង​មាន​អំនួត​ជា​គំរូ​មួយ នៃ​ប្រជាធិបតេយ្យ​សំរាប់​តំបន់​អាស៊ី​អគ្នេ​យ៍​ទៀតហើយ ។ ប៉ុន្តែ​ភាពវឹកវរ និង​ចំណាត់ការ​ផ្នែក​នយោបាយ​ថ្មី​បំផុត​ប្រែក្លាយ​ប្រទេស​នេះ ដែល​យោធា​មាន​ឥទ្ធិពល​ស្រាប់​នោះ​ឲ្យទៅ​ជា​ប្រទេស​យោធានិយម​ផ្តាច់ការ​មួយ ដែល​ការធ្វើ​បាតុកម្ម​តវ៉ា និង​ការសម្តែង​មតិ​ត្រូវ​ឆ្លើយ​តប​ដោយ​ការបង្ក្រាប​យ៉ាង​ចាស់ដៃ ក្រោម​លេស​ដើម្បី​សន្តិសុខ ។​

​ ​ឥឡូវ​ប្រទេស​ថៃ​បាន​ចូលមក​ដល់​សប្តាហ៍​សង្គ្រាម​ផ្តាច់ព្រ័ត្រ របស់​ក្រុម​អាវ​ក្រហម ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​លោក​អាប់​ភី​ស៊ីត ហើយ​ទាមទារ​មាន​ការរំលាយចោល​រដ្ឋ​សភា និង​រៀបចំ​ការបោះឆ្នោត​ជាថ្មី ។ ការទាមទារ​បែបនេះ​នឹង​ត្រូវ​ធ្វើឡើង​ដោយ​មនុស្ស​ប្រមាណ​មួយ​លាន​នាក់ ធ្វើដំណើរ​ពី​ខេត្ត​ផ្សេងៗ ក្នុង​ចំណោម​ខេត្ត​ទាំង ៧៦ របស់​ថៃ ដើម្បី​ធ្វើបាតុកម្ម​ទម្លាក់​រដ្ឋាភិបាល​របស់​លោក​អាប់​ភី​ស៊ីត ។ ភាព​តានតឹង​តម្រូវ​អោយ​លោក​អា​ប់ ភី​ស៊ីត លុបចោល​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​អូស្ត្រាលី រៀបចំ​គំរោង​ចូលគាល់​ស្តេច​របស់ខ្លួន និង​ពិចារណា​ដល់​ការប្រើប្រាស់​ច្បាប់​គ្រប់គ្រង​ប្រទេស នៅក្នុង​គ្រាអាសន្ន តាមរយៈ​ការប្រើប្រាស់​ច្បាប់​សន្តិសុខ​ផ្ទៃក្នុង ដែល​នឹង​ផ្តល់​អំណាច​ដល់​ពួកយោធា ។ កំដៅ​នយោបាយ​នៅ​ក្រុង​បាងកក​កាន់តែ​ពុះកញ្ជ្រោល នៅពេល​មាន​ព័ត៌មាន​បាត់​អាវុធ​ពី​ឃ្លាំង​យោធា ។​

​ ​ទោះបីជា​ស្ថិតនៅក្រោម​ការគាបសង្កត់​យ៉ាងណាក៏ដោយ ពួក​ថៃ​ក្រហម​ពេល​នេះ​មានការ​ប្តូរផ្តាច់​ជាង​មុន ហើយ​តាំងចិត្ត​ថា ទោះបីជា​មាន​ការប្រើ​ច្បាប់​សន្តិសុខ​ផ្ទៃក្នុង​ក៏ដោយចុះ ពួកគេ​នឹង​នៅ​តែ​ធ្វើ​មហា​បាតុកម្ម ដើម្បី​បុព្វហេតុ​ប្រជាធិបតេយ្យ និង​យុត្តិធម៌ ។ ពួកគេ​ធ្លាប់​គំរាម​ធ្វើ​ម្តង​ទៅ​ហើយ​នៅក្នុង​ខែ​កុម្ភៈ ប៉ុន្តែ​លុបចោល​ទៅវិញ ។ ឥឡូវ​វា​ហាក់ដូចជា​បង្ហាញថា ការលុបចោល​នោះ​មាន​គោលបំណង ដើម្បី​បំពក់​ភ្លើងកំហឹង​អោយ​កាន់តែ​ច្រើន ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​បាងកក​ដើម្បី​ធានាថា មនុស្ស​មួយ​លាន​នាក់​ពិតជា​នឹង​ប្រែក្លាយ​ទីក្រុង​បាងកក​ដែល​ធ្លាប់​ជា​ ទីក្រុង​លឿង (​ដោយសារ​តែ​មហា​បាតុកម្ម​របស់​ពួក​អាវ​លឿង​) អោយទៅ​ជា​ទីក្រុង​ក្រហម​ដែល​ពេល​នេះ គឺជា​បាតុកម្ម​របស់​ក្រុមមនុស្ស​ដែល​គាំទ្រ​លោក​ថាក់ស៊ីន​វិញ​ម្តង ។​

​ ​ជោគជ័យ​របស់​បាតុករ​អាវ​ក្រហម នឹង​ពឹង​ទៅលើ​ការពិត​ដែលថា តើ​ពួកគេ​ពិតជា​មាន​សមត្ថភាព​ប្រមូល​មនុស្ស​បាន​មួយ​លាន​នាក់ ដើម្បី​សំរុកចូល​បាងកក​ធ្វើ​មហា​បាតុកម្ម​នោះ​ដែរ​ឬ​អត់​? ហើយ​ថា​តើ​ពួកគេ​នឹង​ធ្វើ​អោយ​ងាប់​ស្តូកស្តឹង​ជីវិត​នៅ​បាងកក​បង្ខំ អោយ​រដ្ឋាភិបាល​របស់​លោក​អាប់​ភី​ស៊ីត សម្រេច​រំលាយ​រដ្ឋសភា​ហើយ​រៀបចំ​ការបោះឆ្នោត​ជា​ថ្មី​ដែរ​ឬ​អត់​? ។

​ ​ថ្ងៃ​អង្គារ​នេះ​នឹង​មាន​ការសម្រេចចិត្ត​ថ្មី​មួយ​ថា តើ​ពួក​អ្នកដឹកនាំ​ក្រុង​បាងកក​នឹង​ចេញ​ប្រើ​ច្បាប់​សន្តិសុខ​ផ្ទៃក្នុង​ឬ​ អត់​? ។ ប៉ុន្តែ​ការព្រួយបារម្ភ និង​ការភ័យខ្លាច​មកដល់​ត្រឹម​ថៃ​ច័ន្ទ ទី​៨ ខែ​មីនា បង្ហាញថា រដ្ឋាភិបាល​របស់​លោក អាប់​ភី​ស៊ីត ប្រហែលជា​នឹង​យក​ច្បាប់​នោះ​មក​ប្រើ​ជាថ្មីទៀត ដោយ​មិន​ខ្វល់​ថា តើ​វា​ប៉ះពាល់​ដល់​កំរិត​ណា​មុខមាត់ និង​ប្រជាធិបតេយ្យ​របស់​ប្រទេស​ថៃ ។ ការសម្រេចចិត្ត​នោះ នឹង​មិនមែន​ជា​ដំណោះស្រាយ​ដែល​រំងាប់​ចលនា ដែល​កញ្ជ្រោល​ទៅរក​ប្រជាធិបតេយ្យ និង​យុត្តិធម៌​ឡើយ ។ វា​នឹង​គ្រាន់តែ​ជា​ការផ្តល់​អំណាច​មួយ​ដល់​យោធា ដែល​អាច​ធ្វើ​ការបង្ក្រាប​គ្រប់​រូបភាព​ដល់​បាតុករ នៅក្នុង​រយៈពេល​នៃ​ភាពវឹកវរ​ប៉ុណ្ណោះ ។ វា​នឹង​មិនមែន​ជា​ដំណោះស្រាយ​រយៈពេល​វែង ដែល​នាំ​ប្រទេស​ថៃ​ទៅរក​ភាពប្រក្រតី ខាង​នយោបាយ​ឡើយ ។​

​ ​សភាពការណ៍​នយោបាយ​នៅក្នុង​ប្រទេស​ថៃ​ប្រៀប​បាន​ដូច​ជា “​បូ​ស​” មួយ​ដែល​ឈាន​ដល់​ដំណាក់កាល ដែល​ត្រូវ​បែក​ខ្ទុះ​ធ្លាយ​ទៅ​ហើយ ។ ដូច្នេះ​ការប៉ុនប៉ង​ណាមួយ ដើម្បី​បង្ក្រាបបូស​មួយ​នោះ​ទៅវិញ​ទំនងជា​នឹង​មិន​ជោគជ័យ​ឡើយ ។ ប៉ុន្តែ​វា​នឹង​គ្រាន់តែ​ពន្យារ​ពេល​នៃ​ការឈឺចាប់ និង​ភាពវឹកវរ​ផ្នែក​នយោបាយ​នៅក្នុង​ប្រទេស​ថៃ​ប៉ុណ្ណោះ ។ ដំណោះស្រាយ​ដែល​ល្អ​បំផុត​នោះ គឺ​ផ្តល់​អ្វី​ដែល​ប្រជាជន​ថៃ​ភាគច្រើន​ចង់បាន​ហើយ​អោយ​ពួកគេ​ជ្រើសរើស មេដឹកនាំ​នយោបាយ​ដែល​ពួកគេ​ស្រលាញ់​តាមរយៈ​សន្លឹកឆ្នោត ។ ដរាបណា​សម្លេង​ភាគច្រើន​មិន​ត្រូវបាន​គោរព​ទេ នោះ ថៃ​នឹង​មិន​អាច​ចេញពី​រូង​នយោបាយ​ដ៏​សែន​ងងឹត​បែប​នេះ​ឡើយ ៕


Filed Under
: