ពិនិត្យស្រូវប្រាំងរបស់អ្នកឃុំតាសួសដែលទើបធ្វើ ជាលើកដំបូង
lookandcomment
|
Wednesday, March 17, 2010
|
កន្លងទៅប្រជាជននៅទីនោះ ពុំដែលធ្វើស្រូវប្រាំងទេ។ ប៉ុន្តែបន្ទាប់ពីមានទំនប់ទឹកមួយ ដែលមានឈ្មោះថា អូរស្មាច់ ប្រជាជនបាននាំគ្នាធ្វើស្រែប្រាំងជាលើកដំបូងនៅឆ្នាំនេះ ។ លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្មខេត្ត ស្វាយរៀង បានជំរាបជូនលោករដ្ឋមន្ត្រីថា ប្រជាជននៅតំបន់នេះមិនដែលធ្វើស្រែប្រាំងទេ ទើបតែនៅពេលនេះក្រោយពីធ្វើទំនប់អូរស្មាច់រួច ទើបប្រជាជនខ្លះបានធ្វើស្រែប្រាំង ។ ស្រែប្រាំងនេះគឺជាការចាប់ផ្តើមធ្វើជាលើកទីដំបូងនៅទីនេះ។
នៅចំពោះមុខកសិករជាច្រើននាក់ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានសំដែងនូវសេចក្តីរីករាយ ដល់ប្រជាជនដែលឧស្សាហ៍ព្យាយាម ហើយចាប់ផ្តើមធ្វើស្រែប្រាំងនាពេលនេះ ។ លោកក៏បានកោតសរសើរផងដែរ ដល់មន្ទីរកសិកម្ម ខេត្តស្វាយរៀង ដែលបានខិតខំផ្សព្វផ្សាយបច្ចេកទេសធ្វើស្រែប្រាំង តាមរយៈការធ្វើស្រែបង្ហាញជូនប្រជាកសិករ ដើម្បីពួកគាត់អនុវត្តតាម ។
លោករដ្ឋមន្ត្រីបានជូនយោបល់ទៅកសិករថា កាធ្វើស្រែវាមិនសំខាន់លើរដូវវស្សាឬក៏ប្រាំងនោះទេ ។ ប៉ុន្តែចំណុចសំខាន់នោះ គឺនៅពេលដែលមានប្រភពទឹកនោះ គឺយើងអាចធ្វើស្រែបានហើយ ។ មានទឹកត្រូវតែមានស្រូវ និងមានដំណាំ ។ ធ្វើយ៉ាងណាប្រើប្រាស់ផ្ទៃដីដែលមានឱ្យអស់លទ្ធភាពកុំឱ្យទុកដីនៅ ទំនេរ ខណៈដែលយើងអាចធ្វើការដាំដុះបាន ។ លោកក៏បានធ្វើការពន្យល់ដោយវិធីសាមញ្ញទាក់ទងទៅនឹងការប្រើប្រាស់ អនុវត្តនូវវិធីថ្មី ដែលចំណាយពូជតិច, របៀបថែទាំ របៀបប្រើប្រាស់ជី ។ល។
លោកក៏ស្នើឱ្យសូមឱ្យមន្ទីរកសិកម្ម ខិតខំផ្សព្វផ្សាយបន្ថែមទៀត ពីការធ្វើស្រូវប្រាំងជាពិសេសនៅកន្លែងដែលមានប្រភពទឹក និងសូមឱ្យប្រជាជនចូលរួមធ្វើស្រែប្រាំងឱ្យបានច្រើន ។ ប្រសិនបើមិនធ្វើស្រែប្រាំងនោះសូមឱ្យកសិករដាំបន្លែ ឬដំណាំផ្សេងៗព្រោះបច្ចុប្បន្នយើងម្ចាស់ការបានលើស្រូវ ប៉ុន្តែយើងមិនទាន់ម្ចាស់ការបានទាំងស្រុងលើបន្លែនៅឡើយទេ ។ មន្ទីរកសិកម្មខេត្តធ្វើជាអ្នករៀបចំសំរបសំរួលឱ្យប្រជាកសិករទូទាំង ខេត្តបានជួបជុំគ្នាដើម្បីផ្លាស់ប្តូរបទពិសោធន៍ ដោយមានកិច្ចសហការចូលរួមពីនាយកដ្ឋានតំណាំស្រូវ របស់អគ្គនាយកដ្ឋានកសិកម្ម ។ ដោយឡែកអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ របស់រដ្ឋបាលជលផលធ្វើការរៀបចំទំនប់អូរស្មាច់នេះ ធ្វើជាកន្លែងអភិរក្សពូជត្រី ហើយដែលអាចឈានទៅដល់ការបង្កើតសហគមន៍ដើម្បីធ្វើការគ្រប់គ្រងធនធាន ត្រីទាំងនេះ ៕
Filed Under:
ដំណឹងសំខាន់ៗ ប្រចាំថ្ងៃ
,
សេដ្ឋកិច្ច