ទាហានសៀម៤០នាក់ដកចេញពីចំនុចចាក់ច្រែង
lookandcomment
|
Wednesday, March 17, 2010
|
ភ្នំពេញ: ទាហានប៉ារ៉ាសៀមត្រូវបានបញ្ជាអោយដកថយចេញពីតំបន់ចាក់ច្រែងលើ ខ្នងភ្នំដងរែកវិញហើយ នៅវេលាម៉ោង ១២ កន្លះ កាលពីថ្ងៃអង្គារ៍ ទី១៦ មីនា ។ នេះបើតាមការអះអាងរបស់លោកឧត្តមសេនីយឯក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ។ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យនៃក្រសួងការពារជាតិគឺភាគីទ័ពទាំង ពីរមិនបានដកកំលាំងអស់ពីតំបន់ដែលមានការប្រឈមមុខដាក់គ្នានោះឡើយ ។ "ភាគីទ័ពទាំងពីរបានសម្រេចទុកកំលាំង៤ នាក់ ម្ខាងនៅតំបន់ខាងជើងឆៀងខាងលិចនៃច្រកចាក់ច្រែងនោះ" ។ កាលពីថ្ងៃទី១៤ មីនា ទាហានប៉ារ៉ាសៀមចំនួន៤០ នាក់ នៃកងពលលេខ៦ បានឡើងមកឈជើងនៅតំបន់ក្បែរច្រកចាក់ច្រែង ដោយអះអាងថា ដើម្បីការពារមិនអោយមានការកាប់ឈើខុសច្បាប់ ។ លោក ឈុំ សុជាតិ បានថ្លែងថា កំលាំងទាហានប៉ារ៉ាសៀមដែលឈរនៅទល់មុខទាហានខ្មែរមាន៤០ នាក់មែន ប៉ុន្តែចំនួនទាហានសរុបដែលឈរត្រៀមនៅខាងក្រោយទៀតមានសរុបទាំងអស់ ប្រហែល១០០ នាក់ ។
ក្រោយមានវត្តមានទាហានប៉ារ៉ានោះ មេបញ្ជាការវរៈសេនាតូចលេខ៨៤ កងពលលេខ៨ ដែលប្រចាំការនៅតំបន់ចាក់ច្រែងនោះ និងមេបញ្ជាការកងពលអន្តរាគមលេខ៣ លោក ស្រី ឌឹក បានបើកការចរចាជាមួយកងទ័ពថៃភ្លាមរហូតដល់ថ្ងៃទី១៦ មីនានេះទើបទាហានថៃសម្រេចដកកងទ័ពរបស់ខ្លួនចេញ ។
លោកឧត្តមសេនីយឯក ឈុំ សុជាតិ បាននិយាយថា " ការសម្រេចដកទ័ពរបស់ទាហានថៃ នៅពេលនេះបានបង្ហាញពីការយល់គ្នាកាន់តែច្រើនក្នុងរង្វង់កងទ័ពនៃ ប្រទេសទាំងពីរដែលតម្កល់ការចរចាដោយសន្តិវិធីជាសំខាន់ហើយការប្រកាស របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអោយមានការចល័តទ័ព និងរក្សាស្ថិរភាពនៅតាមព្រំដែននោះបានធ្វើអោយកងទ័ពថៃទុកចិត្តលើ កងទ័ពកម្ពុជាកាន់តែខ្លាំង" ។
សម្តេនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតែប្រកាសដាក់បញ្ជាកាលពីថ្ងៃទី១៥ ខែមីនាមិនអោយកងទ័ពខ្មែរធ្វើសកម្មភាពចល័តកំលាំងនោះឡើយនៅពេលនេះ បើគ្មានការចាំបាច់ ដើម្បីចៀសវាងមិនអោយមានការចោទប្រកាន់ពីភាគីថៃ ថាកម្ពុជាឆ្លៀតឱកាស ពេលក្រុងបាងកកកំពុងកើតចលាចលវឹកវរនោះ ៕
Filed Under:
ដំណឹងថ្មីប្រចាំថ្ងៃ
,
នយោបាយ