ប្រទះឃើញសាកសពគេកប់ក្នុងព្រៃ បន្ទាប់ពីបាត់ខ្លួន១ខែ
lookandcomment
|
Wednesday, March 17, 2010
|
កំពង់ស្ពឺ: បុរសម្នាក់បានបាត់ ខ្លួនរយៈពេលមួយខែ ហើយក្រោយមក ត្រូវបានគេប្រទះឃើញសាកសពរបស់គាត់ គេកប់នៅក្នុងព្រៃ កាលពីព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១០ ។ ក្នុងថ្ងៃដែលគេឃើញសាកសពនោះដែរ ប៉ូលិសមូលដ្ឋានបានសហការជាមួយប៉ូលិសជំនាញ ផ្នែកព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ជនសង្ស័យចំនួន ៤នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង។
ប្រភពព័ត៌មានពីប៉ូលិសស្រុកឧដុង្គបានឱ្យដឹងថា តាំងពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១០ (រយៈពេលមួយខែ)ជនរងគ្រោះឈ្មោះ ឈុន ធា អាយុ ៣៥ឆ្នាំ នៅ ភូមិស្តុក ឃុំដំណាក់រាំង ស្រុកឧដុង្គ បានបាត់ខ្លួនរហូតមិនដឹងទៅទីណា ទោះបីជាក្រុមគ្រួសារខំដើររកយ៉ាងណា ក៏ពុំ ទទួលបានដំណឹងដែរ ។ ស្រាប់តែនៅ ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១០ អ្នកស្រុកនៅក្នុងភូមិជាមួយជនរងគ្រោះ បានដើរចូលព្រៃខាងលិចភូមិស្តុក ឃុំ ដំណាក់រាំង ស្រុកឧដុង្គ ប្រមាណជា ២គីឡូម៉ែត្រ ក៏ប្រទះឃើញរណ្តៅមួយ ប្រេះដីនិងធុំក្លិនស្អុយ សង្ស័យក៏នាំគ្នាទៅគាស់មើលទើបដឹងថាជា រណ្តៅដែលគេជីកកប់សាកសពរបស់ ឈ្មោះឈុន ធា ដែលបានបាត់ខ្លួនពីផ្ទះកាលពីខែមុន ។
ប្រភពដដែលបានឱ្យដឹងទៀតថា សាកសពត្រូវបានជនដៃ ដល់វាយកាច់ដៃជើងច្រកបាវ រួចយកមកកប់ចោលនៅក្នុងព្រៃខាងលើ ។ ក្រោយពេលធ្វើការស្រាវជ្រាវ ប៉ូលិស បានឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ រួចកសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចោទប្រកាន់ទៅតាមផ្លូវច្បាប់ ។ នៅចំពោះមុខសមត្ថកិច្ច ជនពាក់ព័ន្ធខាង លើបានសារភាពថា រូបគេពិតជាបានរួមគ្នាសម្លាប់បុរសខាងលើមែន មូលហេតុដោយគំនុំជនខាងលើចេះអំពើអាប ធ្មប់ ។
ប៉ូលិសឱ្យដឹងទៀតថា ជនពាក់ព័ន្ធទាំងនោះ រួមមានទី១ ឈ្មោះវង់-សុខ អាយុ ២៤ឆ្នាំ នៅភូមិជាមួយជរងគ្រោះ ទី២ ឈ្មោះផាត រី អាយុ ២៩ឆ្នាំ នៅភូមិព្រៃទាន់ ឃុំចន្ទសែន ស្រុកឧដុង្គ ទី៣ ឈ្មោះ មឿន ចក់ អាយុ ៤១ឆ្នាំ និង ទី៤-ឈ្មោះ ឡូញ ផាត អាយុ ២៤ឆ្នាំ នៅ ភូមិចំបក់រុន ឃុំដំណាក់រាំង ស្រុកឧដុង្គ ៕
Filed Under:
ពត៌មានជាតិ