កម្ពុជាដំឡើងសាច់ដុំការពារប្រទេសប្រឆាំងនឹង ការឈ្លានពាន
lookandcomment
|
Monday, March 15, 2010
|
ភ្នំពេញ: សម្តេចតេជោ កាលពីថ្ងៃទី២៤ ខែកុម្ភៈ បានប្រកាសអំពីទស្សនកិច្ចជាលើកទីពីរ របស់សម្តេចទៅកាន់តំបន់ ព្រំដែន, គំរោងធ្វើសមយុទ្ឋបាញ់គ្រាប់បេអឹម និងសម្ព័ន្ឋភាពរវាងវិស័យកងទ័ពនិងផ្នែកឯកជន ។ ខណៈដែលអ្វីៗទាំងអស់ត្រូវបានប្រកាសនៅពេលដែលកម្ពុជាត្រូវឈ្លានពាន ដោយកងទ័ពថៃនោះ វាជាសញ្ញាប្រាប់ដល់ប្រទេសជិតខាង ថាកម្ពុជាមិនអាចទ្រាំបានឡើយចំពោះការប្រមាថនិងឈ្លានពានណាមួយ ដោយអ្នកជិតខាង ។ ដូច្នេះកម្ពុជាត្រូវតែពង្រឹងវិស័យការពារជាតិរបស់ខ្លួនអោយបានជា អតិប្បរិមាតាមដែលអាចធ្វើទៅបាន ។ នៅក្នុងន័យអោយចំជាងនេះ កម្ពុជាកំពុងតែបង្ហាញឱ្យឃើញពីសមត្ថភាពការពារប្រឆាំងនឹងការឈ្លានពាន ពីទិសខាងលិចយ៉ាងពិតប្រាកដ ។ ប៉ុន្តែដោយសារតែបាងកកកំពុងតែស្ថិតនៅក្នុងស្ថានភាពនយោបាយ មិនប្រាកដប្រជាមួយនោះ ទស្សនកិច្ចលើកទីមួយ របស់សម្តេចតេជោ ត្រូវបានបកស្រាយដោយរដ្ឋាភិបាលថៃថានាំអោយ មានភាពតានតឹងរវាងប្រទេសទាំងពីរ ។ ឥឡូវសម្តេចមានគំរោងធ្វើទស្សនកិច្ចជាលើកទីពីរ ទៅកាន់កងទ័ពនៅតាមព្រំដែន ហើយសម្តេចបានប្រាប់ជាមុនដល់អ្នកជិតខាងថា កុំអោយធ្វើអត្ថាធិប្បាយផ្តេសផ្តាសទៅលើទស្សនកិច្ចរបស់សម្តេច នៅថ្ងៃទី២៧ ខែកុម្ភៈ ពោលគឺមួយថ្ងៃបន្ទាប់ពីតុលាការកំពូលប្រកាសសាលក្រមទាក់ទងទៅនឹង ទ្រព្យសម្បត្តិជាង ២២០០ លានដុល្លារ របស់លោកថាក់ស៊ីន ។
ដូច្នេះទស្សនកិច្ចនោះគឺនៅចំពេលមួយដែលសភាពការណ៍នយោបាយ នៅប្រទេសថៃប្រហែលជាផុយ
ស្រួយបំផុត ។ ម្ល៉ោះហើយចង់មិនចង់ ក្រុងបាងកកប្រហែលជាតាមដានយ៉ាងយកចិត្តទុកដាក់អំពីទស្សនកិច្ចរបស់ សម្តេច ។ នេះបើយើងពិនិត្យមើលចរិតថៃកន្លងមក ។ ប៉ុន្តែយកល្អនោះការតាមដាននោះមិនគួរអោយដើរហួស ឈានដល់ការរិះគន់ទៅលើទស្សនកិច្ចរបស់សម្តេចតេជោ នោះឡើយ ពីព្រោះវានឹងត្រូវកម្ពុជាសម្លឹងឃើញថា វាជាការជ្រៀតជ្រែកទៅលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ។ សម្តេចតេជោគឺជានាយករដ្ឋមន្ត្រីនៃប្រទេសមួយដែលមានអធិបតេយ្យ ។ ដូច្នេះ ថៃមិនគួរច្រឡោត ចំពោះទស្សនកិច្ចនោះឡើយ ទោះបីជាវាកើតមានចំពេលដែលខ្លួនប្រឈមមុខនឹងពេលវេលាដ៏អាក្រក់ បំផុតក្តី ។ ពីព្រោះការចោទប្រកាន់ឬការធ្វើអត្ថាធិប្បាយណាមួយ នឹងមិនមានផលចំណេញសំរាប់ធ្វើអោយនយោបាយថៃស្ងប់ស្ងាត់ទៅវិញឡើយ ។ ផ្ទុយទៅវិញ វាគ្រាន់តែធ្វើអោយប្រទេសជិតខាងទាំងពីរ ដែលចងភ្ជាប់គ្នាដោយសរសៃអំបោះការទូតដ៏ឆ្មារមូយនោះ វាកាន់តែឃ្លាតឆ្ងាយពីគ្នាប៉ុណ្ណោះ ។ ដរាបណាសម្តេចតេជោ ធ្វើដំណើរនៅក្នុងទឹកដីកម្ពុជា ការអត្ថាធិប្បាយណាមួយរបស់ប្រទេសផ្សេងទៅលើ ទស្សនកិច្ចរបស់សម្តេច នឹងត្រូវចាត់ទុកថា ជាការរំលោភមកលើអធិបតេយ្យភាពប្រទេសជិតខាង ។
ជាការពិតថៃអាចមើលឃើញថា កម្ពុជាកំពុងតែពង្រឹងសាច់ដុំការពារប្រទេស ។ បើសិនជាថៃមិន
មានចិត្តឈ្លានពានណាមួយចំពោះកម្ពុជាទេ ថៃមិនគួរនឹងធ្វើប្រតិកម្មណាមួយឡើយ ។ ប៉ុន្តែថៃត្រូវតែរៀនរស់នៅ ដោយសន្តិភាពជាមួយអ្នកជិតខាង ។
ចំពោះកម្ពុជាវិញ មនុស្សគ្រប់គ្នាត្រូវតែបង្ហាញខ្លួនជាកោសិកាមួយនៃសង្គមធំគឺ កម្ពុជាដោយរួមគ្នាកសាង កម្ពុជាមួយដែលប្រសើរឹងមាំជាងនេះថែមទៀត ។ នៅពេលដែលកម្ពុជាខ្លាំងជាងនេះអ្នកជិតខាងរបស់ខ្លួនក៏ទំនងជានឹង មិនហ៊ាន ឈ្លានពានដូចពេលនេះឡើយ ៕
Filed Under:
អត្ថាធិប្បាយ និងទស្សនៈ