កម្ពុជា-វៀតណាម នឹងបញ្ចប់ការបោះបង្គោលព្រំដែន នៅឆ្នាំ២០១២
lookandcomment
|
Tuesday, March 16, 2010
|
លោកនាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារជាតិ បានលើកឡើងយ៉ាងដូច្នេះ ក្នុងអំឡុងពេលទទួលជួបជាមួយនឹងគណៈប្រតិភូសមាគមអតីតយុទ្ធជនវៀតណាម កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១០ នៅក្រសួងការពារជាតិកម្ពុជា ក្នុងរាជធានីភ្នំពេញ ។ ការបោះបង្គោលកំណត់ព្រំដែនកម្ពុជា និងវៀតណាម បានដំណើរការចាប់តាំងពីឆ្នាំ២០០៦ មកទល់នឹងបំណាច់ឆ្នាំ២០០៩ គណៈកម្មការព្រំដែនចម្រុះប្រទេសទាំងពីរ បោះបង្គោលព្រំដែនបាន ១១១ បង្គោល ។ ក្នុងចម្ងាយព្រំដែនកម្ពុជា-វៀតណាម ប្រវែង ១២៧០ គីឡូម៉ែត្រ ប្រទេសទាំងពីរត្រូវបោះបង្គោលព្រំដែនចំនួន ៣៧៥ បង្គោល ។
ក្នុងបទបង្ហាញពីដំណើរការកំណត់ព្រំដែនកម្ពុជា និងវៀតណាម កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០០៩ នៅក្នុងកិច្ចប្រជុំរដ្ឋសភា លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ទទួលបន្ទុកកិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ការវាស់វែងកំណត់ព្រំដែននេះ កម្ពុជាមិនមែនធ្វើដោយចៃដន្យ ឬដោយការនឹកឃើញទេ តែកម្ពុជាធ្វើដោយស្របតាមច្បាប់ ពិសេសធ្វើតាមផែនទីឆ្នាំ១៩៦៤ ដែលតម្កល់នៅអង្គការសហប្រជាជាតិ ព្រមទាំងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដែលរួមមាន សន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមឆ្នាំ២០០៥ ៕
Filed Under:
ដំណឹងសំខាន់ៗ ប្រចាំថ្ងៃ
,
នយោបាយ