កំពូលអ្នកលេងព្យ៉ាណូ និងបញ្ជាបទភ្លេងលំដាប់ពិភពលោកមកសម្តែងតន្ត្រីនៅកម្ពុជា
lookandcomment
|
Monday, March 15, 2010
|
ភ្នំពេញ: សិល្បករលំដាប់ពិភពលោក លោក វ្ល៉ាឌីមៀ អាស្កេនណាហ្ស៊ី ( VLADIMIR ASHKENNAZY ) ដែលជាស្តេចព្យ៉ាណូ និងជាអ្នកបញ្ជាវង់ភ្លេង ដ៏ល្បីល្បាញនឹងមកសម្តែងនៅមហោស្រពចតុមុខ នាវេលាម៉ោង ៧ យប់ ថ្ងៃទី៩ មីនា ២០០៩ ។ ទស្សនិកជនអាចចូលទស្សនាដោយឥតគិតថ្លៃ ។ ដំណើរទស្សនកិច្ចរបស់លោក វ្ល៉ាឌីមៀ នៅកម្ពុជា ជាផ្នែកមួយនៃកម្មវិធី BRIDGES កិច្ចសន្ទនាឆ្ពោះទៅរកវប្បធម៌ សន្តិភាព បន្ទាប់ពីទស្សនកិច្ចនៅកម្ពុជា របស់ ឈិន ឡុង និងជ័យលាភីពានរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ច វិទ្យាសាស្ត្រ គីមីវិទ្យា រូបវិទ្យា និងវេជ្ជសាស្ត្រ ។
ការប្រគំតន្ត្រីដែលគេឱ្យឈ្មោះ ថា ôតន្ត្រីដើម្បីវប្បធម៌សន្តិភាព( Concert for a culture of peace)õនេះ សហការរៀបចំដោយអម្រឹតាសិល្បៈ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសម្របសម្រួលដោយអង្គការសន្តិភាពអន្តរជាតិ(IPF) ។
បើតាមប្រសាសន៍របស់លោក សួន ប៊ុនរិទ្ធ នាយកអម្រឹតាសិល្បៈបានឱ្យដឹងថា លោក វ្ល៉ាឌីមៀ អាស្កេនណាហ្ស៊ី បានរួមដំណើរជាមួយកូនប្រុសរបស់ គាត់ពីររូបទៀត ឈ្មោះ ឌីមីទ្រី អាស្កេនណាហ្ស៊ី (អ្នកលេងក្លារីណែត)និង វ៉ូហ្វកា អាស្កេនណាហ្ស៊ី (អ្នកលេងព្យ៉ាណូ) ដើម្បីមកទស្សនកិច្ច និងសម្តែងនៅ ប្រទេសកម្ពុជា ។
មុនពេលសម្តែងនៅសាលមហោស្រពចតុមុខនាត្រីថ្ងៃទី៩ មីនា ឆ្នាំ២០១០នេះ កាលពីរសៀលថ្ងៃច័ន្ទ ទី៨ មីនា ២០១០ លោក វ្ល៉ាឌីមៀ អាស្កេនណាហ្ស៊ី ដែលបានចាកចេញពីប្រទេសកំណើតរបស់លោក(សហភាពសូវៀត) នៅទសវត្សរ៍១៩៦០នោះ បានជួបសន្ទនាជាមួយកូនសិស្សសាលាសិល្បៈ ខ្មែរដែលមានជំនាញខាងភ្លេងបស្ចិមប្រទេស ជំនាញតូរ្យតន្ត្រី និងជួបជាមួយតន្ត្រីករខ្មែរ ។ ក្នុងការសន្ទនាគ្នានេះ សិល្បករ សិល្បការិនីខ្មែរយើងទទួល បានបទពិសោធន៍ល្អៗពីលោក វ្ល៉ាឌីមៀ ហើយក៏ជាឱកាសមួយបានជជែកគ្នាបានស្គាល់គ្នា និងស្ថានភាពតូរ្យតន្ត្រីខ្មែរ និងបស្ចិម ។
ទាក់ទងនឹងសំបុត្រចូលទស្សនាការប្រគំតន្ត្រីនេះ លោកនាយកអម្រឹតាសិល្បៈ សួន ប៊ុនរិទ្ធ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី៨ មីនា ២០១០ថា លោកមិននឹកស្មានថា សំបុត្រចូលទស្សនាជាង ៥០០ សន្លឹកបានត្រូវចែកចាយអស់តាំងពីថ្ងៃទី៥ មីនា ២០១០ ម្ល៉េះ ។ ប៉ុន្តែបើមានអ្នកចាប់អារម្មណ៍ ចំពោះការប្រគំតន្ត្រីរបស់សិល្បករលំដាប់ពិភពលោកនេះ ហើយពុំទាន់មានសំបុត្រអាចអញ្ជើញទៅមហោស្រពចតុមុខដោយផ្ទាល់ ហើយនឹងមានអ្នក សម្របសម្រួលជួយឱ្យលោកអ្នកបានចូលទស្សនា ។
លោក ប៊ុនរិទ្ធ បានបញ្ជាក់ថា អ្នកមកទទួលសំបុត្រមានជនបរទេសប្រមាណ ៦០ ភាគរយ ព្រោះពួកគេយល់ពីតម្លៃអំពីភាពប៉ិនប្រសប់ខាងតូរ្យតន្ត្រី ខណៈដែលពលរដ្ឋខ្មែរខ្លះមិនសូវចាប់អារម្មណ៍ចំពោះតូរ្យតន្ត្រីខាង ព្យ៉ាណូ, ក្លារីណែត ។
៙ ដំណើរទស្សនកិច្ចរបស់លោក វ្ល៉ាឌីមៀ ជាផ្នែកមួយនៃកម្មវិធី BRIDGES
ដំណើរទស្សនកិច្ចនៅកម្ពុជា របស់លោក វ្ល៉ាឌីមៀ អាស្កេនណាហ្ស៊ី គឺជាផ្នែកមួយនៃកម្មវិធីកិច្ចសន្ទនាឆ្ពោះទៅរកវប្បធម៌សន្តិភាព( Dialoque Towards A Culture of Peace)ដែល ហៅកាត់ថា ប្រ៊ីជ(BRIDGES) ។
យោងតាមសៀវភៅដែលបោះពុម្ពផ្សាយដោយអង្គការមូលនិធិសន្តិភាពអន្តរជាតិ បានឱ្យដឹងថា កម្មវិធី ôស្ពាន: កិច្ចសន្ទនាឆ្ពោះទៅរកវប្បធម៌ សន្តិភាពõនេះ បានកើតឡើងនៅក្នុងប្រទេសកម្ពុជា ថៃ និងហ្វីលីពីន ចាប់ពីខែវិច្ឆិកា ឆ្នាំ២០០៩ ដល់ខែមេសា ឆ្នាំ ២០១០ ។ កម្មវិធីនេះបានកើតឡើងបន្ទាប់ ពីកម្មវិធីដូចគ្នានៅក្នុងថៃ ហ្វីលីពីន ម៉ាឡេស៊ី នាឆ្នាំ២០០៣ បានជោគជ័យ ។
កម្មវិធី Bridges នេះ ផ្តួចផ្តើមគំនិត និងសម្របសម្រួលដោយអង្គការសន្តិភាពអន្តរជាតិ(International Peace Foundation)ដែលមានមូលដ្ឋាននៅ ទីក្រុងវីយែន ប្រទេសអូទ្រីស ។
លោក សួន ប៊ុនរិទ្ធ យោងតាមកម្មវិធី Bridges នេះ បានមានប្រសាសន៍ថា វាជាកិត្តិយសដ៏ធំធេងណាស់ ដែលបានជ័យលាភីពានរង្វាន់ណូបែល សិល្បករល្បីល្បាញក្នុងពិភពលោក និងឥស្សរជនល្បីៗឈ្មោះមកទស្សនកិច្ចផ្តល់បឋកថា និងបទពិសោធន៍ចំណេះដឹងចំពោះកម្ពុជា ។ នេះជាសក្ខីភាព បញ្ជាក់ថា ស្រុកខ្មែរមានសន្តិភាពបរិបូណ៌ និងមានការអភិវឌ្ឍន៍រីកចម្រើន មិនដូចទស្សនៈយល់ច្រឡំមួយចំនួនឡើយ ។ ជាពិសេសជួយលើកតម្កើង កេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ ។
៙ ប្រវត្តិការងារសង្ខេបរបស់លោក វ្ល៉ាឌីមៀ អាស្កេនណាហ្ស៊ី
លោក វ្ល៉ាឌីមៀ អាស្កេនណាហ្ស៊ី ចាប់ផ្តើមល្បីលើឆាកពិភពលោកលើកដំបូងនៅក្នុងការប្រកួតតូរ្យតន្ត្រីនា ឆ្នាំ១៩៥៥ ក្នុងទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ ។
លោកប្រសូតនៅថ្ងៃទី៦ កក្កដា ១៩៣៧ នៅក្នុងទីក្រុងGorky ប្រទេសរុស្ស៊ី ដែលមានឪពុកជាជនជាតិជ្វីហ្វ និងម្តាយជាជនជាតិរុស្ស៊ី ។ គាត់ជាអ្នកលេងព្យ៉ាណូ និងអ្នកបញ្ជាវង់ភ្លេង(Conductor)ជនជាតិរុស្ស៊ី ។ លោកក៏ជាពលរដ្ឋអាយស៍លែន(Iceland)ផងដែរ ចាប់តាំងពីឆ្នាំ១៩៧២មក ។ ភរិយារបស់លោកជាជនជាតិអាយស៍លែន ។
លោកចាប់ផ្តើមលេងព្យ៉ាណូនៅអាយុ ៦ឆ្នាំ ហើយចូលសាលាតន្ត្រីអាយុ ៨ឆ្នាំ ។ នៅឆ្នាំ១៩៥៥ លោកឈ្នះពានរង្វាន់លេខ២ នៅក្នុងការប្រកួត ព្យ៉ាណូលំដាប់អន្តរជាតិនៅទីក្រុងវ៉ាសូវី និងឆ្នាំ១៩៥៦ ឈ្នះលេខ១ នៅក្នុងការប្រកួតតូរ្យតន្ត្រីពានរង្វាន់ម្ចាស់ក្សត្រី អេលីហ្សាបេត នាទីក្រុងប្រ៊ុសសែល ប្រទេសប៊ែលហ្សិក ។ នៅឆ្នាំ១៩៦២ លោកបានឈ្នះពានរង្វាន់លេខ១ រួមគ្នា ក្នុងការប្រកួតនៅ International Tehai-kovsky ជាមួយអ្នកលេងព្យ៉ាណូជនជាតិអង់គ្លេស ចន អុកឌិន ។ លោករៀបការនៅឆ្នាំ១៩៦១ ។
លោក វ្ល៉ាឌីមៀ ធ្លាប់ជានាយកផ្នែកបញ្ជាវង់ភ្លេង Czech Philharmonic ពីឆ្នាំ១៩៩៨-២០០៣ និងជានាយកផ្នែកតន្ត្រីនៃក្រុម NHK Symphony Orchestra នាទីក្រុងតូក្យូ ពីឆ្នាំ២០០៤-២០០៧ ។ នៅខែមករា ឆ្នាំ២០០៩ លោកជានាយកផ្នែកបញ្ជាបទភ្លេង និងទីប្រឹក្សាសិល្បៈរបស់ក្រុម Sydney Symphony Orchestra របស់អូស្ត្រាលី ។
លោកធ្លាប់ទៅសម្តែងនៅពាសពេញពិភពលោក ។ លោកធ្លាប់បានទទួលពានរង្វាន់ Grammy Award ផ្នែកព្យ៉ាណូ និងបញ្ជាវង់ភ្លេងជាច្រើនលើក ៕
Filed Under:
សិល្បៈកំសាន្ត