គ្រោងបង្ហោះច្បាប់ពាណិជ្ជកម្មតាមគេហទំព័ររបស់ ក្រសួងពាណិជ្ជកម្ម
lookandcomment
|
Wednesday, March 17, 2010
|
ភ្នំពេញ: តំណាងរាជរដ្ឋាភិបាលបានថ្លែងប្រាប់ក្រុមការងារផ្នែកនីតិកម្មពន្ធដារ និងអភិបាលកិច្ច(ក្រុមឃ) នៃវេទិការាជរដ្ឋាភិបាលផ្នែកឯកជន ក្នុងកិច្ចប្រជុំមួយកាលពីថ្មីៗនេះថា គេកំពុងរៀបចំបង្ហោះច្បាប់ និងបទបញ្ញត្តនានាពាក់ព័ន្ធនឹងពាណិជ្ជកម្មពិភពលោក តាមគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម ។ តំណាងរាជរដ្ឋាភិបាលបានអះអាងថា គិតមកទល់ពេលនេះច្បាប់សំខាន់ៗពាក់ព័ន្ធនឹងពាណិជ្ជកម្ម ដែលជាតម្រូវរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានរៀបចំតាក់តែង និងអនុម័តចប់សព្វគ្រប់ហើយ ។ ពោលគឺឯកសារគតិយុត្តិប្រមាណជាង ៤០ ដែលកម្ពុជាត្រូវរៀបចំក្នុងឋានៈជាសមាជិក នៃអង្គការពាណិជ្ជកម្មពិភពលោក ។
តំណាងរាជរដ្ឋាភិបាលបានថ្លែងប្រាប់ក្រុមការងារផ្នែកឯកជនទៀតថា ចំពោះការបង្ហោះច្បាប់ទាំងនោះ តាមគេហទំព័រពីមុនគ្រោងបង្ហោះតាមគេហទំព័ររបស់រាជរដ្ឋាភិបាល ឥឡូវនឹងបង្ហោះគេហទំព័ររបស់ក្រសួងពាណិជ្ជកម្មវិញ ។ តំណាងនោះបានប្រាប់កិច្ចប្រជុំនោះដែរថា ប៉ុន្តែបច្ចុប្បន្ននេះក្រសួងពាណិជ្ជកម្ម ជួបការរអាក់រអួលបន្តិចមួយចំនួន ព្រោះក្រសួងនេះទើបប្តូរទីតាំងថ្មី ទើបមិនទាន់បានបង្ហោះ ។ ប៉ុន្តែក្រសួងពាណិជ្ជកម្មបាននឹងកំពុងខិតខំរៀបចំ និងផ្ទៀងផ្ទាត់ជាមួយគ្រប់ក្រសួងស្ថាប័ន បន្ទាប់មកនឹងធ្វើការបង្ហោះនៅក្នុងពេលឆាប់ៗនេះ ៕
Filed Under:
ដំណឹងថ្មីប្រចាំថ្ងៃ
,
សេដ្ឋកិច្ច