top menu
1:ប៉ូលិសម្នាក់កាលពីល្ងាចថ្ងៃអង្គារបានឡើងថ្លែងទៅហ្វូងបាតុករអាវក្រហមនិងចោទរដ្ឋាភិបាលថាបំផ្លាញសេចក្តីថ្លៃថ្នូររបស់ប៉ូលិស 2:ព្រះអង្គម្ចាស់Akishino របស់ជប៉ុនបានលុបចោលផែនការមកទស្សនាថៃដោយសារជម្លោះនយោបាយថៃ 3: ឡាវចេញការព្រមានកុំអោយពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅថៃ ជាពិសេសក្រុងបាងកក
  • ពត៌មានជាតិ

  • ពត៌មានអន្តរជាតិ

  • វីឌេអូ

  • បច្ចេកវិទ្យា

  • យានយន្ត

  • ប្លែកៗ

  • ជីវិតនិងការរស់នៅ

អោក សុមា​រី លាតត្រដាង​ពី​ការបែកបាក់​ជាមួយ​លោក សូត្រ មុនី​

ភ្នំពេញ: ជាង ៥ ខែ​កន្លង​មក​ហើយ ដែល​លោក​សូត្រ មុនី បាន​វេចសម្ពាយ​ចុះចោល​នាង អោក សុមា​រី ឬ​អោក សុ​ម៉ា​រី​ម៉ា ហើយ​វិល​ទៅ​ផ្តើម​ស្នេហ៍​ជាថ្មី​លើ​ទ្រនំ​ចាស់​ជាមួយនឹង​ប្រពន្ធដើម​វិញ ។ ព័ត៌មាន​ដែល​គេ​ខំ​លាក់បាំង​នេះ ត្រូវបាន​ទម្លាយ​ឲ្យដឹង​តាម​រយៈ​ម្តាយ​របស់​អ្នកនាង អោក សុមា​រី​, គាត់​និយាយ​ថា “​ខ្ញុំ​មាន​ការសោកស្តាយ​ណាស់ ដែល​កូន​ទាំង​ពីរ​ចែកផ្លូវ​គ្នា​” ។​

​ ​គេ​នៅ​ចាំបាន​ថា កាលពីដើមឆ្នាំ​២០០៦ នាង អោក សុមា​រី និង​ម្តាយ​របស់​នាង​បាននាំគ្នា​ទៅ​ផ្ទះ​អ្នកស្រី លីន ច​ន្ធូ ដែល​ជា​ប្រពន្ធ​របស់​លោក សូត្រ មុនី នៅ​ខាងត្បូង​ផ្សារ​ពោធិចិនតុង ហើយ​ត្រូវ​អ្នកស្រី លីន ច​ន្ធូ ប្តឹងទៅ​តុលាការ​ក្រុងភ្នំពេញ ដោយ​ចោទប្រកាន់​ថា បាន​វាយប្រហារ​ទៅលើ​អ្នកស្រី ប៉ុន្តែ​នាង អោក សុមា​រី បាន​បដិសេធថា នាង​គ្រាន់តែ​ទៅតាម​យក​ប្តី​របស់​ខ្លួន​ឲ្យ​ត្រឡប់​ទៅ​វិញ​ប៉ុណ្ណោះ ។ រឿងរ៉ាវ​ប្រទូស្ដ​រ៉ា​យ​នេះ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ បន្ទាប់​ពី​តុលាការក្រុង​កោះហៅ​នាង អោក សុមា​រី និង​លោក​សូត្រ មុនី ឡើង​ទៅ​បំភ្លឺ​ចំពោះ​ការចោទប្រកាន់​នោះ នា​ខែ​មេសា ឆ្នាំ​២០០៧ ហើយ​លោក​សូត្រ មុនី និង​អ្នកនាង អោក សុ​ម៉ា​រី បាន​បន្ត​រស់នៅ​ជាមួយគ្នា​ក្នុងនាម​ជា​ប្តី​ប្រពន្ធ រហូត​មាន​កូនប្រុស​មួយ និង​កូនស្រី​មួយ ។ ក្នុងនាម​ជា​ភរិយា​ទី​២ ដោយ​គ្រាន់តែ​ឆ្លងកាត់​ពិធី​ភ្ជាប់ពាក្យ​ជាមួយគ្នា នៅ​ស្រុកកំណើត​របស់​នាង​នៅឯ​ខេត្ត​បាត់ដំបង កាលពី​អំឡុង​ឆ្នាំ​២០០៥​នោះ ឥឡូវនេះ​បាន​ឈាន​ដល់​ការបែកបាក់​ចែក​ផ្លូវ​គ្នា​ហើយ ។​

​ ​អ្នកស្រី ទី សោភ័ណ្ឌ អាយុ​៤៧ ឆ្នាំ បាន​និយាយ​ប្រាប់​ថា “​កូនស្រី​ខ្ញុំ អោក សុមា​រី និង​កូនប្រសា សូត្រ មុនី មិនគួរណា​ឈានដល់​ការបែកបាក់​គ្នា​ទាំងស្រុង​ដូច្នេះ​សោះ គួរឲ្យ​សោកស្តាយ​ខ្លាំងណាស់ ។ ខ្ញុំ​ស្រឡាញ់​កូនប្រសា​ជា​ង​កូនស្រី​ខ្ញុំ​ទៅទៀត រឿង​ដែល​មិន​គួរ​កើត​បែរ​ជា​កើតឡើង​បាន​” ។ តារាចម្រៀង អោក សុមា​រី បាន​និយាយ​ប្រាប់​ថា “​ការបែកបាក់​នេះ គឺ​បណ្តាលមកពី​ការរស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា ។ ប្តី​របស់​ខ្ញុំ​ទៅ​ណា មក​ណា​មិន​សូវ​ជា​ផ្តល់ដំណឹង​ឲ្យដឹង​ទេ ចំណែក​កូន​ទាំង​ពីរ គឺ​កូនប្រុស​អាយុ​៤ ឆ្នាំ និង​កូនស្រី​ប្អូន អាយុ​ជាង​មួយឆ្នាំ កំពុង​រស់នៅ​ជាមួយ​នឹង​ខ្ញុំ ។ ចំពោះ​ទ្រព្យសម្បត្តិ​នាង​ខ្ញុំ​មិន​ទាមទារ​អ្វី​ពី​គាត់​ទេ ត្បិត​កន្លងមក​នាង​ខ្ញុំ​ធ្លាប់​កម្សត់កម្រ ក៏​ដោយសារ​កម្លាំង​ខ្លួនឯង​ដែរ​” ។​

​ ​អ្នកនាង អោក សុមា​រី មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់លាស់​ថា តើ​អាច​វិល​មក​ជួបជុំ​គ្នា​វិញ ឬ​យ៉ាងណា​នោះទេ ដោយ​អ្នកនាង​គ្រាន់តែ​និយាយថា “​ជាធម្មតា​មនុស្ស​ម្នាក់ៗ​មើល​មិន​ឃើញ​ពី​ថ្ងៃស្អែក​ឡើយ តែ​ឥឡូវនេះ​ខ្ញុំ​ត្រូវការ​ភាពស្ងប់ស្ងាត់ ដើម្បី​ការងារ​សិល្បៈ​វិញ ព្រោះ​ត្បិត​កន្លងមក​ខ្ញុំ​រង​ការឈឺចាប់​ច្រើន​ពេក​ហើយ​” ។​

​ ​មជ្ឈដ្ឋាន​មួយចំនួន​បាន​ផ្តោត​ការសង្ស័យថា មូលហេតុ​នៃ​ការបែកបាក់​នេះ​អាច​បណ្តាលមកពី​អ្នកនាង អោក សុមា​រី មាន​ទំនាក់ទំនង​ជាមួយ​នឹង​បុរស​ជនជាតិ​បារាំង​ដ៏​ស្រស់​សង្ហារ​ម្នាក់ ព្រោះ​គេ​ឧស្សាហ៍​ឃើញ​អ្នក​ទាំង​ពីរ បណ្តើរគ្នា​ទៅ​ញ៉ាំ​អាហារ​នៅ​ភោជនីយដ្ឋាន​តា​តា​ជា​ញឹកញាប់ ប៉ុន្តែ​ព័ត៌មាន​នេះ ត្រូវ​នាង​បដិសេធ​ថា បុរស​ជនជាតិ​បារាំង​នោះ គឺជា​មិត្តភក្តិ​ឪពុក​ម្តាយធម៌ របស់​នាង​នៅ​សហរដ្ឋអាមេរិក ពួក​គាត់​ស្គាល់​រាប់អាន​គ្នា​តាំង​ពី​អ្នកនាង​ទៅ​សម្តែង​នៅ​អាមេរិក កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ម្ល៉េះ ហើយ​ថ្មីៗ​នេះ​ពួកគាត់​មក​លេង​ស្រុក​ខ្មែរ រួម​ជាមួយនឹង​បុរស​នោះ​ក៏​មក​លេង​ដែរ ។ ម្តងម្កាល​ពួកគាត់​បាន​ទៅ​ញ៉ាំ​អាហារ​រួមគ្នា​មិន​ញឹកញាប់​ទេ បុរស​នោះ​មិនមែន​ជា​គូស្នេហ៍​ទេ ហើយក៏​មិន​ស្និទ្ធស្នាល​ដែរ ។​

​ ​អ្នកស្រី ទី សោភ័ណ្ឌ បាន​រំលឹក​ពី​អតីតកាល​មុន​ការបែកបាក់​របស់​កូនស្រី​គាត់ ជាមួយនឹង​លោក​សូត្រ មុនី​ថា កាលពី​ដំបូង​ឡើយ​ពួកគេ​ទាំង​ពីរ​ស្រឡាញ់​គ្នា​ណាស់ ពាក្យសម្តី​ផ្អែមល្ហែម ទៅ​ណា​មក​ណា​ត្រសង​ទាំង​គូ​មាន​ចំណី មួយ​ម៉ាត់​ក៏​ចែក​គ្នា​ដែរ មិន​ដែល​មាន​ពាក្យ​រកាំរកូស​មួយ​ម៉ាត់​ណា​ទេ ។ ប៉ុន្តែ​គួរឲ្យ​សង្វេគ​ណាស់ ជិត​កន្លះ​ឆ្នាំ​មកនេះ កូនស្រី​ខ្ញុំ (​អោក សុមា​រី​) នាង​បាន​ដេក​ឱប​ទុក្ខ​ក្រៀមក្រំ​តែម្នាក់ឯង ដោយសារ​កូនប្រសា​ខ្ញុំ​(​សូត្រ​មុនី​) បាន​លបលួច​ទៅ​មាន​ស្រី​ថ្មី រួច​ទៅ​សាង​ស្នេហ៍​ជា​ថ្មី​ជាមួយ​នឹង​ប្រពន្ធដើម​វិញ ។​

​ ​អ្នកស្រី​បញ្ជាក់បន្ថែម​ថា កូនប្រសា​ខ្ញុំ​(​លោក​សូត្រ​មុនី​) មិនសូវ​ផ្តល់​ការឧបត្ថម្ភ​ប្រាក់កាស​ដល់​ប្រពន្ធ​កូន​ទេ ពិសេស​គេ​ទៅ​ណា​មក​ណា​ក៏​មិន​ផ្តល់ដំណឹង​ឲ្យដឹង​ដែរ ជួនកាល​បាត់​ពី​ផ្ទះ​កន្លះ​ខែ ឬ​មួយ​ខែ​ក៏មានដែរ ហើយ​ថែមទាំង​និយាយ​ភូតកុហក​ពី​លិច​ទៅ​កើត ពី​កើត​ទៅ​លិច ប៉ុន្តែ សុមា​រី កូនស្រី​ខ្ញុំ នាង​ចេះ​តែ​ទ្រាំ ព្រោះ​រស់នៅ​ជាមួយគ្នា រហូត​មាន​កូន ២ នាក់​ទៅ​ហើយ បើ​ទោះបីជា​នាង​មាន​ឈ្មោះ​ថា ជា​ប្រពន្ធ​ទី​ពីរ​ក៏ដោយ ។​

​ ​គួរ​បញ្ជាក់​ជូន​ថា អ្នកនាង​អោក​សុមា​រី ជា​កូន​ទី​៣ ក្នុងចំណោម​បងប្អូន ៤ នាក់ ។ នាង​រស់​ក្នុងបន្ទុករ​បស់​អ្នកស្រី ទី សោភ័ណ្ឌ ជា​ម្តាយ​ដែល​ជា​ស្ត្រី​មេម៉ាយ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​-​មហាទេព ឃុំ​ព្រះស្តេច ខេត្ត​បាត់ដំបង ។ អ្នកនាង អោក សុមា​រី បាន​សាង​កេរ្តិ៍ឈ្មោះ​ឲ្យ​ល្បី​ក្នុង​ពិភព​សិល្បៈ ក្នុង​ខណៈ​ដែល​នាង​ចូល​ច្រៀង​ឲ្យ​ផលិតកម្ម​ព្រះវិហារ ហើយ​បទ​ចម្រៀង​ដែល​ល្បី​ជាងគេ​នោះ​គឺ​បទ “​សាន់​ឆាយ​ដែល​អូន​ចង់បាន​” ។ អ្នក​នាង​បាន​សាង​ជីវិត​គ្រួសារ ក្នុងនាម​ជា​ភរិយា​ទី​ពីរ​របស់​លោក សូត្រ មុនី តាំងពី​ឆ្នាំ​២០០៥ មកម្ល៉េះ ពេល​នេះ​នាង​មាន​វ័យ ២៣ ឆ្នាំ​ហើយ ចំណែក​លោក​សូត្រ មុនី មាន​អាយុ​៤១ ឆ្នាំ​។ ជីវភាព​ជា​គូ​ស្វាមីភរិយា​អស់​រយៈពេល ៦ ឆ្នាំ​កន្លងមកនេះ បាន​បន្សល់​ទុក​មរតក​កូនប្រុស​មួយ​ឈ្មោះ ព្រេន នេន អាយុ​៤​ឆ្នាំ និង​កូនស្រី​ពៅ មាន​វ័យ​មួយ​ខួប​ពីរ​ខែ​ប៉ុណ្ណោះ ៕


Filed Under
: ,