ពិព័រណ៍រូបគំនូរ ដែលជាស្នាដៃរបស់ក្រុមវិចិត្រករវ័យក្មេងខ្មែរ នៅបង្ហាញមជ្ឈមណ្ឌលវប្បធម៌បារាំង
lookandcomment
|
Wednesday, March 17, 2010
|
ភ្នំពេញ: រូបគំនូរ គំនូរជីវចល និងរូបគំនូរត្លុក ដែលជាស្នាដៃដ៏ប៉ិនប្រសប់ របស់ក្រុមវិចិត្រករវ័យក្មេង កម្ពុជា នឹងបានត្រូវគេយកទៅដាក់តាំង ពិព័រណ៍ជូនសិស្សានុសិស្ស និស្សិតនិង សាធារណជនទស្សនា នៅឯមជ្ឈមណ្ឌលវប្បធម៌បារាំង នារាត្រីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១០ ចាប់ពីម៉ោង៦ និង ៣០នាទីទៅ ។
លោកស្រី ស៊ិន នូវិសាខា មន្ត្រី ទំនាក់ទំនងនិងទទួលបន្ទុកផ្នែកវប្បធម៌ នៃមជ្ឈមណ្ឌលវប្បធម៌បារាំង (ជជធ) បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា នៅរាត្រីថ្ងៃទី១៨ ខែមីនាឆ្នាំ២០១០ ជា មួយគ្នានេះមានពិព័រណ៍គំនូរពីរ គឺ ពិព័រណ៍គំនូរជាស្នាដៃរបស់វិចិត្រករ វ័យក្មេង ដែលបណ្តុះបណ្តាលដោយ អង្គការហ្វាពន្លឺសិល្បៈនៅខេត្តបាត់ដំបង និងពិព័រណ៍គំនូរមួយទៀតជាស្នាដៃ របស់វិចិត្រករវ័យក្មេង ដែលទទួលការ បណ្តុះបណ្តាលពីលោកអ៊ឹង ភូសេរ៉ា ដែលជាវិចិត្រករដ៏ល្បីល្បាញរបស់ខ្មែរ នៅស្រុកបារាំង ។
អង្គការហ្វាពន្លឺសិល្បៈនៅខេត្ត បាត់ដំបង បានបណ្តុះបណ្តាលសិល្បករ សូន្យរូបជាច្រើនអំពីជំនាញគូរគំនូរ តែ ការតាំងពិព័រណ៍រូបគំនូរលើកនេះ ជាស្នាដៃរបស់សិល្បករចំនួន៥រូប ។ រូបគំនូរ ដែលយកមកតាំងពិព័រណ៍នេះ មានដូចជាគំនូរនៅលើក្របសៀវភៅ គំនូរចងក្រងជាសៀវភៅ រូបគំនូរជីវចល ។ ស្នាដៃរូបគំនូរទាំងនេះសុទ្ធ តែមានការទទួលស្គាល់ពីអន្តរជាតិ ជាពិសេសប្រទេសបារាំង ។
ចំណែកពិព័រណ៍គំនូរជាស្នាដៃ របស់ក្រុមវិចិត្រករខ្មែរ ដែលបានទទួលការបណ្តុះបណ្តាលពីលោកសេរ៉ា បានត្រូវគេឱ្យឈ្មោះថា ô ទំពាំងស្នងឫស្សីõ ព្រោះវិចិត្រករក្មេងៗទាំងនេះមានទេព កោសល្យខាងគូរគំនូរ ដែលនៅថ្ងៃខាងមុខនឹងមានអនាគតល្អនិងល្បីល្បាញ។
បន្ទាប់ពីការតាំងពិព័រណ៍នេះ អង្គការហ្វាពន្លឺសិល្បៈនឹងចងក្រងសៀវភៅ អាល់ប៊ុមគំនូរចំនួន២ក្បាល ។
លោកស្រី វិសាខា បានបញ្ជាក់ថា រូបគំនូរជីវចលរបស់វិចិត្រករក្មេងៗនេះបានត្រូវគេយកបញ្ចូលជា ភាពយន្ត គំនូរជីវចល ហើយមានការទទួលស្គាល់ពីអន្តរជាតិជាពិសេសប្រទេសបារាំង ៕
Filed Under:
រូបភាព